ក្រុមហ៊ុន លី ហួរ លីស៊ីង ចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩៖ ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតរបស់កុមារនៅកម្ពុជា ក្រុមហ៊ុន លី ហួរ លីស៊ីង ក្រោមការផ្តួចផ្តើមរបស់លោក ឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិរបស់ ក្រុមហ៊ុន លី ហួរ គ្រុប បានដឹកនាំបុគ្គលិកជាច្រើនរូបដែលបម្រើការងារ ក្នុងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះរួមមាន ១៖ លី ហួរ អគារប្តូរប្រាក់ និងរតនៈអលង្ការ ខូអិលធីឌី, ២៖ លី ហួរ ផនសប ខូអិលធីឌី, ៣៖ បុរីវិមានភ្នំពេញ, ៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី, ៥៖ ក្រុមហ៊ុន ទេពីអាក្រូ ខូអិលធីឌី, ៦៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី, ៧៖ ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី, និង ៨៖ ក្រុមហ៊ុន លីហួរ ធានារ៉ាប់រង ម.ក។

គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានកុមារជាច្រើនបានបានរងផលប៉ះពាល់ពីជំងឺគ្រុនឈាម សរុបប្រមាណជា ៣ម៉ឺននាក់ គិតត្រឹម​ ខែ កក្កដា ឆ្នាំ ២០១៩ ក្នុងនោះកុមារខ្លះមានជំងឺខ្វះឈាមក្រហម ដែលត្រូវសម្រាកព្យាបាលរយៈពេលវែងរហូតដល់ ៧ខែ ហើយត្រូវបញ្ចូលឈាមជាប្រចាំ ស្របពេលដែលពួកគេភាគច្រើនគឺមកពីគ្រួសារដែលមានជីវភាពខ្វះខាត ហើយការបរិច្ចាគឈាមនេះផងដែរ គឺជាអំពើសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លាមួយសម្រាប់មនុស្សជាតិ ដោយហេតុថា មកទល់ពេលនេះ អ្នកវិទ្យាសាស្ត្រមិនទាន់អាចផលិតគ្រាប់ឈាមបាននៅឡើយទេ ហើយរាល់ការបរិច្ចាគឈាមគឺអាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ៣នាក់ ដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបាន ។

គួរបញ្ជាក់ថា ក្រៅពីកម្មវិធីសប្បុរសធម៌បរិច្ចាគឈាមនេះ គេសង្កេតឃើញថាលោកឧកញ៉ា លី ហួរ តែងតែចួលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាបរិច្ចាគថវិកាជួយកាកបាទក្រហមកម្ពុជា បរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា បរិច្ចាគថវិកាជូនដល់ជនរងគ្រោះដោយសារបាក់រលំអាគារ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ៕

Facebook Comment