៧ចំណុច ត្រូវអាន ប្រសិនបើអ្នកស្អប់គ្រោះថ្នាក់ចរាចរណ៏

“គ្រោះថ្នាក់ចរាចរណ៍” អ្នកណាក៏ធ្លាប់លឺពាក្យនេះដែរ! តាមរយៈនេះ មនុស្សមួយចំនួនគ្រាន់តែរងការខូចខាត ឬរងរបួសបន្តិចបន្តួចក៏រាប់ថាជារឿងធម្មតា ដោយឡែកមួយចំនួនទៀត ជីវិតត្រូវបានផ្លាស់ប្តូរទាំងស្រុង មានអ្នកខ្លះបានបាត់បង់បង្គោលគ្រួសារដ៏សំខាន់ អ្នកខ្លះបាត់បង់មនុស្សជាទីស្រលាញ់ អ្នកខ្លះត្រូវពិការ … ព្រោះតែឃាតករលាក់មុខគឺ គ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។

 

តើត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ?

១- ជៀសវាងការរំខាន

មិនគួរចុចទូរស័ព្ទ ឬធ្វើអ្វីផ្សេងនោះទេ ព្រោះធ្វើឲ្យការផ្តោតអារម្មណ៍និងប្រុងប្រយ័ត្នលើការបើកបររបស់អ្នកមិនបានគ្រប់ជ្រុងជ្រោយ សូមចងចាំថានៅលើផ្លូវមានមនុស្សជាច្រើនកំពុងធ្វើដំណើរ ហើយការធ្វេសប្រហែសរបស់អ្នកត្រឹមតែ ១ ឬ ២ វិនាទីក៏នឹងអាចបង្កើតឱកាសនៃគ្រោះថ្នាក់ចរាចរណ៍បានដែរ។

២- ប្រុងប្រយ័ត្នទ្វេរដងនៅពេលយប់

ប្រសិនបើអ្នកជាមនុស្សដែលមានតម្រូវការ ឬចូលចិត្ត បើកបរក្រោយពេលថ្ងៃលិច (ពេលយប់) អ្នកចាំបាច់ត្រូវតែបន្ថែមការប្រុងប្រយ័ត្ន ព្រោះថាគ្រប់យ៉ាងត្រូវបានកាត់បន្ថយ ក្នុងនោះរាប់បញ្ចូលទាំងកម្រិតចម្ងាយផ្លូវដែលអាចមើលឃើញ ក៏ដូចជាលទ្ធភាពក្នុងការមើលឃើញឧបសគ្គផ្សេងៗ។ លើសពីនេះក្នុងករណីដែលយានយន្តមានបញ្ហាមិនអាចបើកបរបាននៅតាមផ្លូវនៅពេលយប់ ក៏មានផលលំបាកក្នុងការស្វែងរកជំនួយ ក៏ដូចជាប៉ះពាល់ដល់សុវត្ថិភាពពីមជ្ឈដ្ឋានខាងក្រៅជាងពេលថ្ងៃផងដែរ។

៣- ស្គាល់យានយន្ត

ជាការចាំបាច់បំផុតដែលអ្នកបើកបរគ្រប់រូបត្រូវយល់ដឹងពីស្ថានភាពយានយន្តរបស់ខ្លួន។​ នៅពេលដែលអ្នកស្គាល់ស្ថានភាពយានយន្តរបស់អ្នកហើយ នោះអ្នកនឹងដឹងថា ទម្ងន់ផ្ទុក ល្បឿនអតិបរមា ផ្លូវដែលអ្នកត្រូវបើកបរ មានភាពសមស្របជាមួយលក្ខខណ្ឌយានយន្តរបស់អ្នកត្រឹមកម្រិតណា។

៤- ថែសុខភាពយានយន្ត

ការត្រួតពិនិត្យយានយន្តគឺជាការចាំបាច់បំផុតសម្រាប់អ្នកបើកបរគ្រប់រូប។ សម្រាប់រថយន្តយ៉ាងហោចណាស់អ្នកត្រូវប្រាកដថា អ្នកបានត្រួតពិនិត្យចំណុចចម្បងៗមួយចំនួនដូចជា៖ ប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងហ្វ្រាំង កង់បម្រុង ខ្យល់កង់រថយន្ត ស៊ីផ្លេ ទឹកលាងកញ្ចក់ ទឹកបញ្ចុះកំដៅ និងភ្លើង (ស៊ីញ៉ូ អំពូល ហ្វា កូត)។

៥- ស្វែងយល់ពីស្លាកសញ្ញាចរាចរណ៍ និងល្បឿនកំណត់

នៅតាមកំណាត់ផ្លូវនានាដែលត្រូវបង្កើនការប្រុងប្រយ័ត្នជាញឹកញយតែងមានស្លាកសញ្ញាសម្គាល់ដូចជា៖ ផ្លូវកោង ផ្លូវទឹករលក ទីប្រជុំជន ឬសាលារៀន ។ល។ នេះមានន័យថាអ្នកបើកបរត្រូវបន្ថយល្បឿន ឬផ្លាស់ប្តូរឥរិយាបថបើកបរទៅតាមស្លាកសញ្ញានីមួយៗ ដូច្នេះដើម្បីបង្កើននូវសុវត្ថិភាពចរាចរណ៍ ការស្វែងយល់ពីស្លាកសញ្ញាចរាចរណ៍ក៏មានសារៈសំខាន់ខ្លាំងផងដែរ។

៦- កុំចង់ឈ្នះ តែត្រូវប្រុងប្រយ័ត្នជានិច្ច

សូមចាំថានៅលើផ្លូវមានរថយន្តផ្សេងទៀតក្រៅពីអ្នក ដូចនេះរាល់ការបើកបរសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតដូចជា ការរក្សាគម្លាតពីរថយន្តមួយទៅរថយន្តមួយ កុំយកផ្លូវសាធារណៈធ្វើជាកន្លែងសម្រាប់ប្រណាំងគ្នាអី។ ប្រសិនបើអ្នកត្រូវការជែងយានយន្តណាមួយដោយមូលហេតុគ្រាន់តែចង់ឈ្នះចិត្តអ្នកបើកបរដូចគ្នា សូមអ្នកគិតឡើងវិញថាតើអ្នកចំណេញបានអ្វីមកវិញពីការឈ្នះនេះ ផ្ទុយទៅវិញវាគ្រាន់តែជាទម្លាប់អាក្រក់ ហើយប្រសិនបើមានគ្រោះថ្នាក់កើតឡើងតើអ្នកនឹងមានការខាតបង់អ្វីខ្លះ?

៧- កុំបើកបរពេលស្រវឹង

ស្រវឹងធ្វើឲ្យអ្នកក្លាហានខុសទំនង បាត់បង់ស្មារតី បាត់បង់ភាពម្ចាស់ការលើខ្លួនឯង។ ដូច្នេះជាការល្អបំផុតសូមប្រគល់តួនាទីក្នុងការបើកបរទៅអ្នកដទៃនៅពេលដែលអ្នកស្រវឹង ឬបើចាំបាច់ត្រូវបើកបរត្រូវប្រាកដថាក្នុងល្បឿនមួយដែលអ្នកអាចគ្រប់គ្រងបាន។

Facebook Comment