តាម​បច្ចេកទេស តើរថយន្ត​ប្រើ​ហ្គាស​ងាយ​បង្ក​ការ​ឆាបឆេះ ជាង​​យានយន្តប្រើសាំង?

មានការជជែកវែកញែកច្រើន ទាក់ទិនទៅនឹងបញ្ហារឿងយានយន្តប្រើហ្គាស និងយានយន្តប្រើសាំង ពិសេសលើរឿងសុវត្ថិភាពតែម្ដង។ មានការ​លើកឡើងថា យានយន្តប្រើហ្គាស (LPG) អាចបង្ក​ការ​ឆាបឆេះ ជាង​​យានយន្តដែលប្រើសាំង។ តើការលើកឡើងនេះ ជាការពិត​ដែរ​ឬទេ?

ផ្អែកតាមបច្ចេកទេស យានយន្តដែលប្រើហ្គាសងាយឆាបឆេះជាង យានយន្តដែលប្រើប្រេងសាំងគឺ មិនពិតទេ ដោយ​សំអាងតាមហេតុផលបច្ចេកទេសដូចខាងក្រោម៖

១. ធុងផ្ទុកហ្គាស LPG ផលិតពីដែកសុទ្ធ មិនមែនប្លាស្ទិកទេ

ធុងផ្ទុកសាំងរបស់យានយន្តមួយចំនួនមិនមែនសុទ្ធតែផលិតពីលោហៈ (ដែក)នោះទេ ដោយមានខ្លះធ្វើឡើងពីប្លាស្ទិក និងសមាសធាតុចម្រុះប៉ុណ្ណោះ។ ប៉ុន្តែ ធុងផ្ទុកហ្គាសវិញ ត្រូវបានផលិតពីដែកសុទ្ធដែលមានដង់ស៊ីតេខ្ពស់ ពោលគឺវាមានកម្រាស់ស្ដើង ប៉ុន្តែអាចទ្រាំទ្រនឹងសម្ពាធខ្ពស់បានយ៉ាងល្អ។ ជាទូទៅធុងផ្ទុកហ្គាសមានកម្រាស់ពី ៣ ម.ម ទៅ ៦ ម.ម ដែលអាចប្រើប្រាស់សម្រាប់ផ្ទុកហ្គាសបានយ៉ាងមានប្រសិទ្ធភាព ហើយវាមិនងាយរងការខូចខាត និងលេចធ្លាយឡើយ ទោះបីជាមានការប៉ះទង្គិចធ្ងន់ធ្ងរក៏ដោយ ដោយសារតែភាពរឺងមាំរបស់វា។

២. ប្រព័ន្ធការពារពីការចាក់ហៀរ

ធុងហ្គាសសម្រាប់យានយន្ត ត្រូវបានភ្ជាប់មកនូវជាមួយប្រព័ន្ធ Automatic Fill Limiter (AFL) ដែលនឹងផ្ដាច់ការបញ្ចូលហ្គាសភ្លាមៗ មិនឲ្យមានការបញ្ចូលច្រើនហួសកម្រិតវាទេ។ ម៉្យាងទៀត បើប្រៀបធៀបជាមួយនឹងធុងសាំងវិញ បើយើងចាក់សាំងហៀរបន្តិចបន្តួច សាំងនឹងហូរចេញមកក្រៅ អាចប៉ះពាល់ថ្នាំរថយន្ត និងអាចឆាបឆេះបានលឿនទៀតផង ខុសពីហ្គាស ប្រសិនបើចាក់លើស វានឹងហើរចេញទៅបាត់មិនបន្សល់ស្លាកស្នាមឡើយ។

៣. ក្បាលវ៉ាល់បន្ថយសម្ពាធ

ធុងហ្គាសសម្រាប់យានយន្ត ត្រូវបានធ្វើឡើងសម្រាប់ឲ្យវាធ្វើការក្នុងស្ថានភាពដ៏លំបាកបំផុត។ មាឌរបស់វាធំជាងចំណុះហ្គាសដែលបានកំណត់ដល់ទៅ ២០ភាគរយ ឯណោះដើម្បីបង្ការពេលសីតុណ្ហភាពឡើងក្ដៅ ធ្វើឲ្យហ្គាសរីកមាឌ និងកើនសម្ពាធខ្លាំង។ បើសិនជាហ្គាសរីកមាឌលើសពីទំហំធុងផ្ទុកនោះទៀត ក្បាលវ៉ាល់បន្ថយសម្ពាធនឹងចាប់ផ្ដើមដំណើរការ ដោយវានឹងបញ្ចេញឧស្ម័នខ្លះពីខាងក្នុងធុងមក កុំឲ្យវាណែនខ្លាំងពេក នៅក្នុងសីតុណ្ហភាពក្ដៅខ្លាំង។

៤. ប្រព័ន្ធបិទដោយស្វ័យប្រវត្តិ

មួយវិញទៀត ធុងហ្គាសសម្រាប់យានយន្តមានប្រព័ន្ធភ្លើងសុវត្ថិភាពសម្រាប់បិទការបង្ហូរហ្គាសដោយស្វ័យប្រវត្តិទៅក្នុងម៉ាស៊ីន ពេលវាលែងដំណើរការដោយចៃដន្យ។ ម្យ៉ាងទៀត វាក៏នៅមានឧបករណ៍ និងក្បាលវ៉ាល់សុវត្ថិភាព ដែលនឹងដំណើរការដោយស្វ័យប្រវត្តិតែម្ដង នៅពេលដែលមានអាសន្ន។

៥. វ៉ាល់ការពារការហូរចេញទៅវិញ (Back-Check Valve)

ក្បាលវ៉ាល់ការពារការហូរចេញទៅវិញ (Back-Check Valve) ចំនួន ២ ត្រូវបានដាក់ភ្ជាប់ជាមួយនឹងធុងហ្គាស ដើម្បីកុំឲ្យហ្គាសហៀរត្រឡប់មកក្រៅវិញ ពេលកំពុងចាក់បំពេញដោយសារតែសម្ពាធនៅក្នុងធុងកើនឡើង។ ក្នុងចំណោមក្បាលវ៉ាល់ ២ នេះ យ៉ាងហោចណាស់ ១ ត្រូវបានគេធ្វើឡើងឲ្យដំណើរការគ្រប់ពេល ទោះបីជាមានការខូចខាតដោយគ្រោះថ្នាក់ ឬការប៉ះទង្គិចអ្វីក៏ដោយ។

៦. មិនងាយឆាបឆេះ

បើតាមការពិសោធរបស់ក្រុមអ្នកជំនាញបានឲ្យដឹងថា រថយន្តដែលប្រើហ្គាស មិនងាយនឹងឆាបឆេះដូចរថយន្តដែលប្រើសាំងឡើយ។ ការពិសោធនេះហៅថា Autoignition មានន័យថា ការឆាបឆេះដោយឯកឯង មិនមានរងើក ឬផ្កាភ្លើងមកជួយឡើយ ដោយផ្អែកតាមសីតុណ្ហភាពខាងក្រៅ។ បើតាមការពិសោធនោះ រថយន្តដែលប្រើសាំងឆាបឆេះដោយឯកឯងនៅសីតុណ្ហភាពចាប់ពី ២៤៦ អង្សារសេ ខណៈពេលដែលរថយន្តប្រើហ្គាស LPG ឆាបឆេះដោយឯកឯងនៅសីតុណ្ហភាពចាប់ពី ៤៧០ អង្សារសេ ឯណោះ។ នេះសបញ្ជាក់ថា សាំងពិតជាងាយឆាបឆេះជាងហ្គាស LPG។

ប្រភព៖ news.saybay.com

Facebook Comment