៦​យ៉ាង​អ្នក​គួរ​ជៀសវាង បើ​មិន​ចង់​ឲ្យ​រថយន្ត​ឆាប់​មាន​បញ្ហា​

ការ​ក្លាយ​ជា​ម្ចាស់​រថយន្ត​អាច​ល្អ​ប្រសើរ តែ​ក៏​អាច​កាត់បន្ថយ​ចំណូល​អ្នក​ច្រើន​ដែរ ប្រសិនបើ​អ្នក​មិន​បាន​ថែទាំ​រថយន្ត​បាន​ល្អ ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល ៦ ចំនុច​ខាងក្រោម ដែល​អាច​ធ្វើ​ឲ្យ​រថយន្ត​ឆាប់​មាន​បញ្ហា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ជៀសវាង​៖

១. មើល​រំលង Engine light

ការ​មើល​រំលង Engine light ជា​លទ្ធផល​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​មាន​បញ្ហា​កាន់​តែ​ខ្លាំង ហើយ​ការ​ជួសជុល​ក៏​ចំណាយ​ច្រើន​ផង​ដែរ​។ យ៉ាង​ហោច​ណាស់ ​ពន្លឺ​ឲ្យ​ដំណឹង​នេះ​អាច​ប្រាប់​អ្នក​ពី​បញ្ហា​ម៉ាស៊ីន​ដែល​ទាក់ទង​នឹង​កម្រិត​ប្រេង​។

២. មិន​ផ្លាស់ប្ដូរ​ប្រេង​ និង​តម្រង​

ប្រេង​ជា​ច្រើន​ត្រូវការ​សម្រាប់​ដំណើរការ និង​ការពារ​ប្រព័ន្ធ​ម៉ាស៊ីន និង​សមាសធាតុ​ផ្សេង​ទៀត​។ ការ​ពិនិត្យ​កម្រិត ប្រេង​ ឲ្យ​បាន​ទៀងទាត់ រួម​ជាមួយ​នឹង​តម្រង អាច​ជួយ​ធានា​ថា​រថយន្ត​ដំណើរការ​ដោយ​ទុកចិត្ត និង​ពង្រីក​អាយុ​រថយន្ត​។

៣. មិន​យក​ចិត្ត​ទុក​ដាក់​លើ​កង់

អ្នក​គួរ​ពិនិត្យ​កង់​រថយន្ត​ឲ្យ​បាន​ញឹក​ញាប់​ទាក់ទង​នឹង​ខ្យល់ និង​ភាព​សឹក​កម្រាស់​សំបក​កង់​។ កង់​មាន​ខ្យល់​មិន​គ្រប់គ្រង​អាច​នឹង​ឆាប់​ខូច​គុណភាព ដែល​ត្រូវការ​ផ្លាស់ប្ដូរ​ឆាប់​រហ័ស ហើយ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព ការ​ប្រើ​ឧស្ម័ន និង​ល្បឿន​ផង​ដែរ​។

៤. មិន​ត្រួត​ពិនិត្យ​រថយន្ត​តាម​កាល​កំណត់​

សមាសធាតុ​ជាច្រើន​អាច​ខូច​គុណភាព​ក្នុង​រយៈពេល​មួយ​កំណត់ ដូច្នេះ​រថយន្ត​ត្រូវការ​ជា​ពិនិត្យ​ប្រចាំ​ដើម្បី​ប្រើប្រាស់​បាន​ល្អ​។ ការ​ត្រួតពិនិត្យ​ជួសជុល​ជា​ប្រចាំ​អាច​ជួយ​រក្សា​រថយន្ត​អ្នក​ដំណើរ​ការ​មាន​ប្រសិទ្ធភាព និង​ជួយ​ជៀសវាង​ការ​ជួសជុល​មាន​តម្លៃ​ថ្លៃ​ពេល​ខូច​តាម​ផ្លូវ​។

៥. ទុក​រថយន្ត​ឲ្យ​កខ្វក់​

ការ​ទុក​ឲ្យ​រថយន្ត​កខ្វក់​មិន​សម្អាត​អាច​បង្ក​ជា​ស្នឹម ឬ​ច្រេះ​លើ​ផ្នែក​មួយ​ចំនួន ដែល​ប្រហែល​ជា​ត្រូវការ​ប្រើ​ពេល​បើកបរ​។

៦. ការ​បើកបរ​ប្រញាប់ៗ​

មិន​ថា​ពេល​ឈប់ និង​ទៅ​មុខ​សម្រាប់​ភ្លើង​ចរាចរណ៍ អាកាសធាតុ​ប្រែប្រួល ផ្លូវ​ស្រួល ឬ​មាន​ឧបសគ្គ​ច្រើន ពេល​ខ្លះ​អាច​ពិបាក​ក្នុង​ការ​កំណត់​កម្រិត​បើកបរ​។ ទោះ​ជា​យ៉ាង​ណា អ្នក​អាច​បើក​ដោយ​ភាព​វៃ​ឆ្លាត និង​សន្សំ​សំចៃ​ប្រេង ដោយ​ប្រើ​ល្បឿន​កំណត់​មួយ, ជៀសវាង​ការ​បើកបរ​ប្រឡងប្រជែង រួម​មាន​ប្រញាប់​ទៅ​មុខ និង​ប្រញាប់​ឈប់​ ព្រមទាំង​មិន​ដឹក​ជញ្ជូន​វត្ថុ​មិន​ចាំ​បាច់​៕

ប្រភព៖news.sabay.com.kh

Facebook Comment